ដំបន់​ផ្លូវ​ជាតិ​លេខ​៥១ ក្លាយ​ជា​ដំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង

វីស័យ​អចល​ទ្រព្យ​នៅ​ដំបន់​ផ្លូវជាតិ​លេខ​៥១ កំពុង​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី។ នា​ពេល​អនាគត​ដ៏​ខ្លី ផ្លូវជាតិ​លេខ​៥១​នេះ នឹង​ក្លាយជា​ផ្លូវ​ក្រវាត់​ក្រុង​នា​ពេល​អនាគត និង​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ សម្រាប់​សម្រួលការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដូច្នេះ​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​នេះ កំពុង​កើនឡើង​យ៉ាង​ខ្លាំង។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​កាល​ពី​ខែ សីហា 2018 កន្លង​ទៅ។

ផ្លូវជាតិ​លេខ​៥១ ជា​ផ្លូវ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ថ្នល់ទទឹង ទៅ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្សារ​ឧដុង្គ ដែល​មាន​ប្រវែង​៣៧.៩៥​គីឡូម៉ែត្រ និង​ចម្ងាយ​ប្រមាណ​ជាង​១៨​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ (​គិត​ពី​ចោមចៅ ទៅ​ផ្សារ​ថ្នល់ទទឹង​)​។ បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៥១​នេះ កំពុង​ដំណើរ​ការ​សាងសង់ ហើយ​គ្រោង​បញ្ចប់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២០។

លោក សន សៀប ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ឃី រៀល​អ៊ី​ស្ទេ​ត បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នោះ​ថា «ដីធ្លី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ មាន​សក្ដានុពល​ខ្លាំង សម្រាប់​វិស័យ​ឧស្សាហកម្ម និង​លំនៅឋាន។ លោក​បាន​ពន្យល់​ថា តំបន់​នេះ​ជា​តំបន់​ខ្ពង់រាប​មិន​លិច​ទឹក ដោយ​ត​ភ្ជាប់​គ្នា​រវាង​ផ្លូវជាតិ​សំខាន់ៗ មាន​ផ្លូវ​វ​រថភ្លើង​ឆ្លងកាត់ ពី​ចំណុច​ផ្សារ​បាត់ដឹង និង​ស្ថិត​នៅ​ជាប់​តំបន់​វិនិយោគ​ថ្មី នៃ​ខណ្ឌ​ព្រែក​ព្នៅ​។»

លោក​បាន​បន្ត​ថា «​មាន​វិនិយោគិន​ជាច្រើន កំពុង​សម្លឹង​មើល​ពី​សក្ដានុពល​នៅ​ទីតាំង​នេះ និង​បាន​ចាប់ផ្តើម​ទិញ​ដី​ក្នុង​ទ្រង់ទ្រាយ​ធំ សម្រាប់​ការ​វិនិយោគ​នា​ពេល​អនាគត​»​

ចំណែក លោក ម៉ៃ សា​មន ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់ និង​ស្រាវជ្រាវ​អចលនវត្ថុ នៃ​ក្រុមហ៊ុន ឃី រៀល​អ៊ី​ស្ទេ​ត បាន​ឲ្យ​ដឹង​ថា​ផ្លូវជាតិ​លេខ​៥១ មាន​សក្ដានុពល​សេដ្ឋកិច្ច ដោយសារ​តំបន់​នេះ សម្បូរ​រោងចក្រ​ឧស្សាហកម្ម សិប្បកម្ម គម្រោង​លំនៅឋាន និង​ការអភិវឌ្ឍន៍​ដី​ឡូ​តិ៍​ជាច្រើន​កន្លែង​។ លោក​បន្ថែម​ថា នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១​នេះ មាន​រោងចក្រ​ជាង​៥០​កន្លែង កំពុង​ដំណើរការ និង​មាន​ផ្សារ សាលារៀន ស្ថាប័នហិរញ្ញវត្ថុ និង​កន្លែង​សេវាកម្ម​ផ្សេងៗ​។

លោក សា​មន បាន​បញ្ជាក់​ថា​តម្លៃ​ដី​តាម​បណ្តោយ​ផ្លូវ​នេះ កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ដី​ឡូ​តិ៍​មាន​តម្លៃ​ពី​៦០ ទៅ​១០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។ បើ​ធៀប​នឹង​មួយ​ឆ្នាំមុន មានតម្លៃ​តែ​៣០ ទៅ​៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។

ដី​ដែល​មាន​ទំហំ​ធំ ចាប់​ពី​មួយ​ហិកតារ​ឡើង​ទៅ​មានតម្លៃ ៣០ ទៅ​៤០​ដុល្លារ ក្នុង​ម៉ែត្រការ៉េ ខណៈ​ពីមុន​មានតម្លៃ​ពី ១៥ ទៅ ២០​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក សា​មន​។ លោក ជឿ​ថា​តម្លៃ​ដី​នឹង​ហក់​ឡើង​ខ្លាំង បន្ទាប់ពី​ផ្លូវជាតិ​លេខ ៥១ បាន​បញ្ចប់​ការ​សាងសង់។