កម្ពុជា​នឹង​មាន​ស្ពាន​ថ្មី​ឆ្លង​ទន្លេ​មេគង្គ ក្នុង​ពេល​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បានសម្រេច​ស្នើសុំ​ភាគី​កូរ៉េ​ឱ្យ​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​ឆ្លងកាត់​ទន្លេ​ឆ្លង​ទន្លេ​មេគង្គ​រួចហើយ។

នា​ពេល​ខាងមុខនេះ​ ប្រជាពលរដ្ឋ​កម្ពុជា​នឹង​បាន​ឆ្លង​ស្ពាន​មួយ​ទៀត ដែល​ជា​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ តប​តាម​សំណើ​របស់​សម្ដេច​តេជោ ខណៈ​សំណើ​នេះ​ ត្រូវ​បាន​ទទួល​រួចហើយ​ពី​ភាគី​កូរ៉េ។ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ នៅ​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ កន្លងមក។

តែ​យ៉ាង​ណាក៏ដោយ​លោក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ថា​ ស្ពាន​នេះ​បាន​សិក្សា​រួចហើយ​ ឬ​សាងសង់​ទី​តាំង​ណា​ និង​ចំណាយ​អស់តម្លៃ​ប៉ុន្មាន​នោះ​ទេ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ «យើង​ឃើញ​តែ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ និង​ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ តែ​មិនទាន់​ឃើញ​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​នៅ​ភ្នំពេញ​ ដូច្នេះ​សម្ដេច​តេជោ​ បាន​ស្នើសុំ​រួចហើយ​ ហើយ​បន្តិច​ទៀត ក្រែង​មាន​ស្ពាន​មិត្ត​ភាព​កម្ពុជា​-កូរ៉េ​មួយទៀត។»

រដ្ឋមន្ត្រី​រូប​នេះ​ បាន​បន្ថែម​ថា​ ប្រទេស​កម្ពុជា​ស្វាគមន៍​រាល់​គម្រោង​សាងសង់​ស្ពាន​មិត្ត​ភាព​រវាង​ប្រ​ទេស​នានា​ឲ្យ​តែ​មានការ​ស្នើសុំ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ មិនដែល​បដិសេធ​ចំពោះ​ការ​ជួយ​ពីសំណាក់​ប្រទេស​ដែល​ជា​មិត្ត​ទាំងនោះ​ឡើយ​ និង​មិន​រើសអើង​ចំពោះ​ប្រទេស​ទាំងនោះ​ទេ​ ឱ្យ​តែ​ប្រទេស​ទាំងនោះ​គោរព​អធិបតេយ្យភាព ឯករាជ្យ​របស់​ប្រទេស​កម្ពុជា។

នៅក្នុង​ជំនួប​សម្ដែង​ការគួរសម​របស់​ លោក​ Oh​ Nak​-young​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃទី០៩​ ខែមីនា​ លោក​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​សម្ដែង​កតញ្ញូតា​ចំពោះ​ជំនួយ​ឧបត្ថម្ភ​លើ​គ្រប់​វិស័យ​ ដែល​រដ្ឋាភិបាល​កូរ៉េ​បាន​ផ្តល់​ជូន​កម្ពុជា​ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ឆ្លើយតប​ របស់​រដ្ឋាភិបាល​កូរ៉េ​ទទួលយក​សំណើ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​ ឆ្លងកាត់​ទន្លេមេគង្គ​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ​កាលពី​កន្លងមក​នេះ។